I. គំរោងមុនពេលបោះជំរំៈ
*ការសង្កេតជាមុនៈ
-បញ្ហាសុខភាពនៅតាមតំបន់ដែលទៅបោះជំរំ
-បញ្ហាជ្រើសរើសទីកន្លែងបោះជំរំ
-បញ្ហាទឹក ឈើ អុស
-បញ្ហាផ្គត់ផ្គង់ភ័ស្តុភារ ។
១.តើនៅតំបន់មានជំងឺគ្រុនចាញ់ឬទេ? ត្រូវធ្វើការអង្កេតដោយសួរមន្រ្តីសុខាភិបាលនៅតំបន់នោះ ។
-មានជំងឺអុត ពិស អាសន្នរោគ គ្រុនពោះវៀន ឬទេ?
បើតំបន់នោះនៅមានមន្ទិលផ្នែកសុខភាព ឬសុវត្ថិភាព (មីន) យើងអាចទៅបោះជំរំបាន លុះត្រាតែមាន ការព្រមព្រៀងធានាពីអាជ្ញាធរដែលមានពាក់ព័ន្ធប្រចាំតំបន់នោះជាមុនសិន ។
២.ក. តំបន់សុខសប្បាយ
-កន្លែងមានភ្នំៈ កុំបោះជំរំនៅកន្លែងទំនាប ឬបាតជ្រលង
-កន្លែងបីរបោះ: កុំបោះជំរំក្រោមដើមឈើ (ភ្លៀងមានទឹកស្រក់ មែកឈើបាក់លើ)
-នៅទីវាលៈ បោះជំរំនៅក្រៅវាលស្មៅដែលជាជំរកនៃសត្វ និងជាចំណីនៃភ្លើងព្រៃ
ខ.នៅកន្លែងដែលមានជំងឺឆ្លងៈ
បើគេបានសំអាតកំចាត់ជំងឺរួចហើយៗនៅថែទាំតទៅទៀត អាចចាត់ទុកជាកន្លែងគ្មានជំងឺដែរ បើពុំ ដូច្នេះទេត្រូវចៀសវាងនៅឆ្ងាយពីភូមិ យ៉ាងតិច ២គ.ម ។
ចៀសវាងនៅអោយឆ្ងាយពីផ្លូវ និងមេទឹកដែលមានអ្នកភូមិមកដងទឹក ព្រោះមូសតាមខាំអ្នកភូមិនោះ ហើយមកខាំយើងដែរ ។
៣.ក.ទឹក
ត្រូវជាទឹកថ្លា ហើយហូរជានិច្ច ហើយចៀសវាងទឹកមិនហូរជាដាច់ខាត ។
-ទឹកត្រូវអោយមានបរិបូណ៌សរាប់ដាំបាយ ទទួលទាន លុបលាងខ្លួន បោកខោអាវ
-មេទឹកមិនត្រូវឆ្ងាយពីជំរំហួសពី ២០០ម ទេពីព្រោះធ្វើអោយមានការខ្ជិលច្រអូស និងមានការខ្វះ អនាម័យ ។
-ទឹកសំរាប់ផឹក ធ្វើអោយសុទ្ធស្អាត ឬដាំអោយពុះ ដោយទុកដាក់អោយមានគំរប ។
ខ.ឈើ អុស
-ឈើសំរាប់ធ្វើការតុបតែង គឺចៀសវាងប៉ះពាល់ដល់ឈើមានផលប្រយោជន៍ដែលគេរក្សាទុក ឬធ្វើ អោយខូចដល់បរិស្ថាន ។
-ឈើស្ងួតសំរាប់ដុតគ្រប់គ្រាន់
៤.ការផ្គត់ផ្គង់ភ័ស្តុភារ
-ត្រូវបរិភោគម្ហូបអាហារឆ្ងាញ់
-អោយបរិភោគផ្លែឈើស្រស់អោយបានច្រើន
ក.ប្រភេទជំរំ
-ជំរំមួយកន្លែងៈ ជាជំរំគ្មានការផ្លាស់ប្តូរក្នុងរយៈពេលបោះជំរំនោះ ក្នុងរយៈពេលកំណត់ ។
-ជំរំចល័តៈ ជាជំរំផ្លាស់ប្តូរកន្លែងជាច្រើនដង យោងតាមតម្រូវការនៃការសិក្សានៃមុខវិជ្ជា ឬការប្រែប្រួល នៃស្ថានភាពទីតាំង បរិយាកាស ។ល។
-ជំរំលើកកញ្ជើដើរៈ ជាជំរំប្តូរកន្លែងរាល់ថ្ងៃ ។ ច្រើនប្រើសំរាប់ក្រុម ក្នុងការអនុវត្ត ការរុករក ។
II. ការកំណត់ជាក់លាក់មុននឹងទៅបោះជំរំៈ
១. ជំរើសកន្លែងៈ
-ធ្វើអង្កេត (សុខភាព, ជំងឺ...)
-មធ្យោបាយដឹកនាំ
-លទ្ធភាពផ្គត់ផ្គង់ ភស្តុភារ
-មេទឹក ឈើ អុស
២. សេចក្តីអនុញ្ញាតៈ
-សុំច្បាប់បោះជំរំពីស្នងការប្រចាំភូមិភាគ
-សុំច្បាប់ពីអ្នកអាណាព្យាបាលនៃកូនក្រុម
៣.ថវិកា
-ត្រូវរៀបចំគិតគូរអោយបានហ្មត់ចត់ដោយប្រជុំមេក្រុមផងមុននឹងសំរេច ព្រោះវាជារឿងធំ ហើយ ស្មុគស្មាញនាំអោយលឺមាត់កទៀតផង ។
ក.ប្រាក់ចំណាយៈ
-ចំណាយក្នុងការរៀបចំសម្ភារៈបោះជំរំ
-ចំណាយលើយានជំនិះ
-ចំណាយលើអាហារ
-ចំណាយផ្សេងៗ
ខ.ចំណូល
ត្រូវសរុបគំរោងចំណាយទាំងអស់ដែលបានពិភាក្សាយ៉ាងល្អិតល្អន់នោះ យកមកចែកនឹងចំនួន កាយរឹទ្ធិដែលត្រូវទៅបោះជំរំ អោយចេញជាវិភាគទាន រួចប្រមូលសំរាប់ធ្វើជាប្រាក់ចំនូល ។ វាជា ការពិបាក ព្រោះគ្រួសារខ្លះ ទីទ័លក្រ ពុំអាចរកលុយមកបង់តាមកំរិតបានទតេ ផ្ទុយទៅវិញ គ្រួសារ ដែលធូរធាអាចស្នើសុំចេញលើសពីកំរិតវិភាគទានបាន ។ ដូច្នេះត្រូវធ្វើបញ្ជី អោយបានហ្មត់ចត់ ហើយចំនួនវិភាគទានត្រូវអោយបានចាប់ពី 50% ឡើងទៅទើបអាចអនុវត្តបាន ។ អ្នកអាចទទួល ប្រាក់ពីគ្រួសារដែលធូរធារយកទៅប៉ះប៉ូវគ្រួសារដែលទីទ័លបាន តែបើនៅខ្វះខាតទៀត សុំកុំញញើតនឹងធ្វើពាក្យសុំទៅហិបប្រាក់នៃគណៈកម្មាធិការកណ្តាល ឬតំបន់(ខេត្ត) អោយគេជួយដោះស្រាយ ដោយបញ្ជាក់ហេតុផលអោយបានត្រឹមត្រូវ និងច្បាស់លាស់ ។
៤. សម្ភារៈ
អ្នកត្រូវជួសជុលឬរកបន្ថែមការខ្វះខាតដោយសម្ភារៈខ្លះរេចរិល ឬបាត់ ឬភ្លេចចោល នូវសម្ភារៈខ្លះដែលមិនចាំបាច់នៅពេលដែលចេញទៅបោះជំរំកន្លងមក ។ ដូច្នេះត្រូវតែនឹកគិតអោយបានសព្វគ្រប់ មុននឹងចាប់ផ្តើម ។
ក-សម្ភារៈរបស់កងល្បាត (Troupe)
-ទង់ជាតិខ្មែរ
-ទង់សាសនា
-ទង់ប្រចាំកង
-កញ្ចែ
-បទបញ្ជា
-កម្មវិធី
-សំពៀតសំរាបើដាក់ឱសថ (តាមតម្រូវការជាក់ស្តែង)
-សៀវភៅ និងទស្សនាវដ្តី
-សៀវភៅបច្ចេកទេសកាយរឹទ្ធិ
-សៀវភៅចម្រៀង
-សៀវភៅល្បែង
-ម្ជុល, ចេស... ។ល។
ខ-សម្ភារៈរបស់ក្រុមល្បាត
-តង់
-បង្គោលតង់
-ខ្សែ
-ចង្កៀង
-ពូថៅ
-កាំបិត
-ប៉ែល
-ចបកាប់បត់បាន
-សម្ភារៈចង្រ្កានបាយ
-ធុងទឹក ។ល។
គ-សម្ភារៈផ្ទាល់ខ្លួនម្នាក់ៗ
-សម្ភារៈដំណេក
-ប្រដាប់ប្រដា ប្រើប្រាស់ផ្ទាល់ខ្លួន
*សមាជិកក្រុមល្បាតម្នាក់ៗ ត្រូវមានស្បែកជើង១សំរាប់ និងខោអាវស្អាតខ្ញង់១សំរាប់ សំរាប់ពាក់ពេលវិលត្រឡប់ចូលមកជួបគ្រួសារវិញ ពីព្រោះច្បាប់មិនអនុញ្ញាតអោយស្លៀកពាក់កខ្វក់ដាច់ខាត កាលណាវិលមកគេហដ្ឋានវិញ ។
*ទោះបីជាអ្នកដឹងថា សម្ភារៈទាំងនោះត្រូវបានរៀបចំរួចហើយក៏ដោយអ្នកត្រូវត្រួតពិនិត្យជាថ្មីម្តងទៀត មុននឹងចេញដំណើរគឺមិនអនុញ្ញាតអោយមានការខ្វះខាតជាដាច់ខាត ។
៥. ក្រុមភ័ស្តុភារ :
អ្នកត្រូវតែគិតថាជំរុំគឺជាកន្លែងអប់រំលក្ខណៈចរិតក្មេង ។ ការបានសំរេចផលក៏ស្ថិតនៅលើការបរិភោគដែរ ហេតុនេះអ្នកត្រូវអោយសមាជិកក្រុមល្បាតអ្នកបរិភោគអោយបានសមរម្យ ដោយមិនត្រូវសន្សំ ឬត្បិតត្បៀតម្ហូបអាហារអោយហួសហេតុពេកទេ ផ្ទុយទៅវិញអ្នកត្រូវអោយបរិភោគអោយបានច្រើន ហើយឆ្ងាញ់ផង ប៉ុន្តែក៏មិនត្រូវខ្ជះខ្ជាយដែរ ។
តាមច្បាប់គេអាចរកភ័ស្តុភារដែលមិនរលួយស្អុយ បំរុងទុកអោយហើយមានអង្ករ សណ្តែក ស្ករ ដំឡូង ។ល។ ទុកជាមុនព្រោះយើងទិញច្រើននៅនឹងកន្លែងវាមានតម្លៃថោកជាងនៅតំបន់ដាច់ស្រយាលដែលយើងទៅបោះជំរំនោះ ។
៦. ឱវាទចុងក្រោយៈ
ការរៀបចំរបស់អ្នកត្រូវបានចប់ដោយបរិបូណ៌ អ្វីៗត្រូវបានសំរេចជាស្រេច ។ បន្ទាប់ពីរៀបចំសម្ភារៈហើយ អ្នកត្រូវចាត់អោយមានអ្នកទទួលខុសត្រូវរៀងៗខ្លួនទៀត ។ អ្នកជាអ្នកដឹកនាំជំរំ អ្នកត្រូវទទួលខុសត្រូវលើសមាជិកជំរំទាំងអស់ ។
*សំរាប់មេក្រុមល្បាត (Partol Leader) ម្នាក់ៗត្រូវទទួលរ៉ាប់រងថែទាំសម្ភារៈក្រុមល្បាតរបស់ខ្លួន ហើយត្រូវមានលទ្ធភាពតែងតាំងសមាជិកក្រុមម្នាក់ អោយទទួលខុសត្រូវសម្ភារៈដឹងភ័ស្តុភាររបស់ក្រុម ។ ម្នាក់ទៀតធ្វើលេខាធិការ ម្នាក់ទៀតខាងចង្រ្កានបាយ (ចុងភៅ) ម្នាក់ទៀតខាងសាងសង់ និងរុះរើតង់ ម្នាក់ទៀតជាហិរញ្ញឹក ម្នាក់ទៀតកាន់កាប់ថ្នាំពេទ្យ ។ល។
*កុំភ្លេចយកទៅជាមួយនូវៈ
-ច្បាប់អនុញ្ញាតអោយចេញទៅបោះជំរុំរបស់ស្នងការភូមិភាគ
-ច្បាប់ទទួលដឹង និងយល់ព្រមរបស់អជ្ជាធរដែនដី
-អត្តសញ្ញាណប័ណ្ណកាយរឹទ្ធិ ឬលិខិតចាត់តាំង
-សំបុត្រធានារ៉ាប់រងផ្សេងៗ
-ថវិកាបំរុងមួយចំនួន ។ល។
ការបរិយាយទាំងអម្បាលមានខាងលើ វាគឺជាគំរោង ចំណែកការអនុវត្តជាក់ស្តែង គឺសកម្មភាពនៅក្នុងជំរំដែលអ្នកបាន កំពុង ឬនឹងត្រូវឆ្លងកាត់ ។ ប្រធានជំរុំ (មេកង) ត្រូវមានលក្ខណៈវាងវៃ ប៉ិនប្រសព្វ និងពូកែសង្កេត ពីព្រោះការរៀបចំ និងគ្រប់គ្រងជំរុំស្ថិតក្នុងការទទួលខុសត្រូវរបស់អ្នក ទាំងការបែងចែកទីតាំងតាមក្រុម ការយាមកាមពេលយប់ បទបញ្ជាផ្ទៃក្នុងជំរំ ការរក្សាអនាម័យ និងទំនាក់ទំនងទូទៅជាដើម ។ អត្ថបទនៃមេរៀននេះវាពុំទាន់គ្រប់គ្រាន់ឬមានភាពពេញលេញ១០០% នៅឡើយទេ គឺគ្រាន់តែជាគោលការណ៍សំរាប់ការការអនុវត្តប៉ុណ្ណោះ ចំណែកភាពពីស្តាររបស់វា អាស្រ័យនៅលើ គំនិតច្នៃប្រឌិត (Initiative) របស់ប្រធានជំរុំផ្ទាល់ ។ សង្ឃឹមថា គំនិតដ៏ស្តួចស្តើងនេះជាវិភាគទានយ៉ាងសំខាន់មួយសំរាប់កសាង និងអភិវឌ្ឃខេមរៈកុលបុត្រកុលធីតារបស់យើងអោយក្លាយទៅជាកាយរឹទ្ធិដ៏ល្អ ដូចកាយរឹទ្ធិឯទៀតៗ នៅលើពិភពលោកជាមិនខានឡើយ។
No comments:
Post a Comment